Super Fit ប្រមូលអ្នកលេងកីឡាមកបរិច្ចាគឈាម ជួយជនរងគ្រោះ
ភ្នំពេញៈ មជ្ឈមណ្ឌលកីឡា Super Fit រួមជាមួយដៃគូសហការ ៣ ក្រុមហ៊ុនទៀត បានប្រមែប្រមូលអ្នកលេងកីឡា គ្រូបង្វឹក ថ្នាក់ដឹកនាំ និងបុគ្គលិកសរុប ៤៤ នាក់ មកធ្វើការបរិច្ចាគឈាមឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្នាក់ការ Super Fit ស្ថិតក្នុងបរិវេណផាកវ៉េ កាលពីព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមជួយដល់សង្គម ខណៈមន្ត្រីផ្នែកទំនាក់ទំនងរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រាប់ថា ក្នុងមួយថ្ងៃៗត្រូវការឈាម ២០០ ប្លោក សម្រាប់ជួយដល់អ្នកជំងឺ និងជនរងគ្រោះ។
លោក ខៀវ សំរិទ្ធ អ្នកគ្រប់គ្រងទូទៅរបស់មជ្ឈមណ្ឌលកីឡា Super Fit បានថ្លែងថា៖ «កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ Super Fit ដោយមានការចូលរួមសហការពី Spark Kafee, Spark&Tawandang Microbrewery និងសាលារៀនតិចសាស្ត្រ រួមជាមួយម្ចាស់ឧបត្ថម្ភមាន ស្ពនស័រ Red Bull ផ្សារផ្លែឈើ និងទឹកអប់ Morakot ព្រោះយើងចង់បរិច្ចាគឈាមទៅដល់ជនរងគ្រោះ ដែលគាត់កំពុងខ្វះឈាម ពិសេសជនរងគ្រោះនៅតាមខេត្ត ឬទីដាច់ស្រយាល ដែលគ្មានលទ្ធភាពស្វែងរកឈាម»។
ជាមួយការគិតដល់សុខទុក្ខជនរងគ្រោះ មជ្ឈមណ្ឌលកីឡា Super Fit ដែលជាកន្លែងហាត់ប្រាណបែបទំនើបទាំងផ្នែកកម្លាំង រាងកាយ និងសាច់ដុំ ហើយជាទីតាំងហ្វឹកហាត់ផ្នែករាងកាយដ៏ពេញនិយមរបស់ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងក្លិបក្នុងស្រុកមួយចំនួននោះទៀត គឺគ្រោងនឹងធ្វើឲ្យកម្មវិធីផ្តល់ឈាមនេះ មានទ្រង់ទ្រាយកាន់តែធំ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
លោក សំរិទ្ធ បានបញ្ជាក់ថា៖ «នេះជាលើកទី ១ ហើយ ដែលយើងបានផ្តល់ឈាមឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ហើយយើងនឹងបន្តធ្វើទៀត ដោយយើងនឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជាងនេះទៅលើប្រជាជន ដែលរស់នៅក្បែរនេះ ក៏ដូចជាអតិថិជនរបស់ Super Fit ឲ្យចូលរួមបរិច្ចាគឈាមដែរ ព្រោះលើកនេះគឺក្រៅពីក្រុមការងាររបស់ក្រុមហ៊ុនទាំង ៤ ក៏ឃើញមានអតិថិជនរបស់យើង ៦ ទៅ ៧ នាក់ បានចូលរួមបរិច្ចាគឈាម ជាមួយយើង ផងដែរ»។
យ៉ាងណាក៏ដោយ លោក អ៊ឹង ងួនតុលា មន្ត្រីផ្នែកទំនាក់ទំនងរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅតែទទូចសុំឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមផ្តល់ឈាមឲ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងការកង្វះឈាម សម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺ។
លោកបានប្រាប់ថា៖ «តម្រូវការឈាមសព្វថ្ងៃគឺយើងត្រូវការឈាម ២០០ ប្លោកក្នុង ១ ថ្ងៃ ដើម្បីជួយទៅដល់អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាស្ត្រីមានផ្ទៃពោះជាដើម ដែលពួកគាត់ត្រូវការឈាមជាចាំបាច់ អ៊ីចឹងសុំឲ្យប្រជាជនទាំងអស់ និងក្រុមហ៊ុនជននានា ចូលរួមបរិច្ចាគឈាមឲ្យបានច្រើន ដើម្បីបង្កើនបរិមាណនៃអ្នកបរិច្ចាគឈាម ព្រោះសព្វថ្ងៃការបរិច្ចាគឈាមរបស់យើង នៅមានកម្រិត»។
លោកបានបញ្ជាក់ថា៖ «សព្វថ្ងៃនេះ យើងទទួលបានការបរិច្ចាគឈាមត្រឹម ៣០ ភាគរយទេ អ៊ីចឹងយើងខ្ញុំចង់ឲ្យពួកគាត់ចូលរួមបរិច្ចាគឈាមឲ្យបានច្រើនទៀត ដើម្បីឲ្យបានគ្រប់ ១០០ ភាគរយ ហើយទាំងអ្នកលេងកីឡា និងអ្នកមិនលេងកីឡា អាចមកផ្តល់ឈាមបានទាំងអស់គ្នា គឺវាអាស្រ័យទៅលើការពិនិត្យសុខភាពរបស់ក្រុមគ្រូពេទ្យ ប៉ុន្តែអ្នកផ្តល់ឈាមត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៦០ ឆ្នាំ និងមានទម្ងន់ចាប់ពី ៤៥ គីឡូក្រាមឡើង»៕
=>ដកស្រង់ពី ភ្នំពេញ បុស្ដឹ៍ http://www.postkhmer.com
Super Fit ប្រមូលអ្នកលេងកីឡាមកបរិច្ចាគឈាម ជួយជនរងគ្រោះ
Reviewed by Khmer-Library168
on
7:59 AM
Rating:
No comments: