ក្រុម​យុវជន​លេង​ម៉ូតូ​ប្លែកៗ KMR មាន​សន្ដាន​ចិត្ដ​ប្រពៃ​ក្នុងការ​ជួយ​សង្គម

ភ្នំពេញ: យុវជន​ដែល​និយម​ជិះ​ម៉ូតូ​ជា​ក្រុម ខណៈ​ម៉ូតូ​សមាជិក​មួយ​ចំនួន​ត្រូវ​បាន​កែច្នៃ​ទាំង​ដៃ​ចង្កូត កង់​ក្រោយ​និង​ស៊ីម៉ាំង​មិន​ចាញ់​ម៉ូតូ​ចម្បាំង អាច​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​មិន​ល្អ​របស់​មនុស្ស​មួយ​ចំនួន។ ប៉ុន្ដែ​ដោយសារ​តែ​ចំណូល​ចិត្ដ​ចំពោះ​ម៉ូតូ ក្រុម​ម៉ូតូ​សប្បុរសធម៌ Khmer Mini Rider (KMR) បាន​កកើត​ឡើង​នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០១៧ ជាមួយ​សមាជិក​មក​ពី ៣ ខេត្ដ រួម​មាន សៀមរាប បាត់ដំបង និង​ឧត្ដរមានជ័យ ចំនួន​ប្រមាណ ២០០ នាក់។
ផ្ដើម​ចេញ​ពី​ទឹកចិត្ដ​របស់​សមាជិក​នីមួយៗ ដែល​បាន​ចំណាយ​ប្រាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន ខណៈ​សមាជិក​ខ្លះ​ខិតខំ​ត្រាច់ចរ​គ្រប់​ច្រកល្ហក​ពីផ្សារ​មួយ​ចូល​ផ្សារ​មួយ​ ទៀត ដោយ​ភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​ពី​ស្ថាប័ន​ដែល​នឹង​ទទួល​ជំនួយ ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​គ្រួសារ​ក្រីក្រ​ទុរគត សាលារៀន និង​មន្ទីរពេទ្យ​ក្រុម​ម៉ូតូ​យុវជន​នេះ​បាន​ផ្ដួចផ្ដើម និង​ជួយ​សម្រាល​ទុក្ខលំបាក​ក្នុង​សហគមន៍​ក្រីក្រ​មួយ​ផ្នែក។
លោក ធន់ តុលា អាយុ ២៧ ឆ្នាំ ជា​ប្រធាន​ក្រុម​ម៉ូតូ KMR បាន​ឲ្យដឹង​ថា៖ «បើកឆាក​ថ្ងៃ​ដំបូង​ក្រោយ​ក្រុម​បង្កើត​ឡើង​ជា​ផ្លូវការ យើង​ខ្ញុំ​បាន​ចុះ​ជួយ​គ្រួសារ​ក្រីក្រ​ចំនួន ៣ គ្រួសារ និង​មណ្ឌល​កុមារ​កំព្រា​មួយ ដែល​មាន​សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ថែម​ទៀត»។
លោក​បាន​បញ្ជាក់​ថា អាស្រ័យ​ទៅ​តាម​ទឹកចិត្ដ​សប្បុរសជន និង​សមាជិក​ក្រុម ជាទូទៅ​ក្រុម​របស់​លោក​មាន​ថវិកា​ចាប់ពី ២៥០ ដុល្លារ​សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​មួយ។ ក្រុម​ម៉ូតូ​យុវជន ដែល​ទើប​បង្កើត​ឡើង​នៅ​ក្នុង​រយៈពេល​ខ្លី តែ​បង្ហាញ​សកម្មភាព​ច្រើន បាន​ចុះ​ដល់​មូលដ្ឋាន​សហគមន៍​ក្រីក្រ ដូចជា ទុរគតជន សាលារៀន​ដែល​មាន​សិស្សានុសិស្ស​ខ្វះខាត​សម្ភារ​សិក្សា មណ្ឌល​កុមារ​កំព្រា និង​មន្ទីរពេទ្យ​ជាដើម។ ឮ
លោក ធន់ តុលា បាន​រៀបរាប់​ពី​សកម្មភាព​ក្រុម​របស់​លោក​ចុះជួយ​ដល់​ស្ដ្រី​ចំណាស់​ដ៏ទុរគត គ្មាន​សាច់ញាតិ​មួយ​គ្រាប់ ដែល​ដេក​ឈឺ​លើ​កន្ទេល​ក្រោម​ដំបូល​ខ្ទម​ធ្លុះ​ធ្លាយ។
ប្រធាន​ក្រុម​ម៉ូតូ​រូបនេះ និយាយ​ថា៖ «ក្រុម​ម៉ូតូ KMR បាន​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ជូន​ដល់​លោកយាយ ខណៈ​ខាង​កាកបាទ​ក្រហម​ជូន​លោក​យាយ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​ ឧត្ដរមានជ័យ»។
ចំពោះ​បញ្ហា​សន្ដិសុខ​សណ្ដាប់​ធ្នាប់ ដែល​ជួន​កាល​ក្រុម​ម៉ូតូ​នេះ​បាន​ធ្វើ​ដំណើរ​ទ្រង់ទ្រាយ​ធំ និង​ចម្ងាយ​ផ្លូវ​រាប់រយ​គីឡូម៉ែត្រ ពួកគេ​បាន​បែង​ចែក​ជា​ក្រុម​តូចៗ ក្នុងការ​សម្រួល​ចរាចរណ៍ និង​បើកបរ​ជាជួរ​ដោយ​មាន​របៀប​ត្រឹមត្រូវ។
Content image - Phnom Penh Post
ក្រុម​ KMR មាន​ថវិកា​ចាប់​ពី​ ២៥០ ដុល្លារ​សម្រាប់​គ្រួសារ​ក្រីក្រ​មួយ​។ រូប សហការី
លោក​បាន​រៀបរាប់​ពីការ​លំបាក​កន្លង​មក​ថា៖ «ពេល​ធ្វើ​ដំណើរ​ឆ្លង​ខេត្ដ ពួកយើង​តែង​ជួប​បញ្ហា​ញឹកញាប់ គឺ​ម៉ូតូ​ខូច ពេល​ខ្លះ​យប់​ងងឹត ផ្លូវ​ស្ងាត់ មាន​ភ្លៀង ផ្លូវ​លំបាក​រដិបរដុប រអិល ក៏យើង​នៅ​តែ​ឆ្ពោះ​ទៅមុខ​ដល់​គោលដៅ»។
លោក តុលា បាន​បន្ថែម​ថា៖ «ប្អូន​ចង់សុំ​ឲ្យ​មហាជន​មើល​ឃើញ​ពី​សកម្មភាព​របស់​យុវជន និង​លើក​ទឹកចិត្ដ​នូវអ្វី​ដែល​ពួកយើង​បាន​ធ្វើ កុំឲ្យ​ចោទ​ប្រកាន់​ពី​ភាព​អវិជ្ជមាន រំលង​អំពើ​ល្អ ដែល​ពួកយើង​បាន​លះបង់ និង​កុំឲ្យ​ចាត់ទុក​ក្រុម​អ្នកបើកបរ​ថា​សុទ្ធតែ​ក្មេង​ទំនើង ពីព្រោះ​មាន​ក្រុម​ច្រើន​មិន​ដូចគ្នា​ទាំងអស់​នោះ​ទេ»។
កាល​ពី​ខែ​តុលា​កន្លង​ទៅ ក្រុម​ម៉ូតូ KMR បាន​នាំ​អំណោយ​មួយ​ចំនួន​ដែល​កើត​ចេញពី​ទឹកចិត្ដ​សមាជិក​ក្រុម​ទាំងមូល​ជូន​ ដល់​កុមារី ៣ នាក់ ដែល​ឪពុក​រត់​ទៅ​មាន​ប្រពន្ធ​ថ្មី និង​ម្ដាយ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ៕

=>ដកស្រង់ពី ភ្នំពេញ បុស្ដឹ៍ http://www.postkhmer.com 
ក្រុម​យុវជន​លេង​ម៉ូតូ​ប្លែកៗ KMR មាន​សន្ដាន​ចិត្ដ​ប្រពៃ​ក្នុងការ​ជួយ​សង្គម ក្រុម​យុវជន​លេង​ម៉ូតូ​ប្លែកៗ KMR មាន​សន្ដាន​ចិត្ដ​ប្រពៃ​ក្នុងការ​ជួយ​សង្គម Reviewed by Khmer-Library168 on 8:05 AM Rating: 5

No comments:

Powered by Blogger.